LightReader

Chapter 5 - ឪពុកចិញ្ចឹមរបស់ខ្ញុំ

(ខ្ញុំឃ្លាន)

រយៈពេលមួយខែបានកន្លងផុតទៅ របួសរបស់នួងក៏បានធូរស្បើយជាច្រើនហើយដែរ។ នេះជាពេលដែលអ្នកជម្ងឺធម្មតាត្រូវចេញពីពេទ្យហើយ តែនួងវិញនាងគ្មានទាំងសាច់ញាតិ គ្មានទាំងក្រុមគ្រួសារ តើនាងចេញពីពេទ្យហើយត្រូវទៅណាទៅ? ចំណែកឯថ្លៃព្យាបាល... នាងក៏ឆ្ងល់ដូចគ្នា តើថ្លៃព្យាបាលរបស់នាងបានមកពីណា? ហើយតើនរណាជាអ្នកចេញទៅ? តែវាអាចជាសំណាងរបស់នាងដែលនាងជួយចំកូនមហាសេដ្ឋី ហើយគ្រប់ការព្យាបាលនិងថ្លៃហូបចុកទាំងអស់របស់នាង គឺត្រូវបានឧបត្ថម្ភឲ្យទាំងស្រុងដោយ សែម សុគន្ធពិសិដ្ឋ កូនប្រុសទីមួយរបស់លោកឧកញ្ញ៉ា សែម សុគន្ធ។ នាវេលាព្រឹកព្រលឹម ថ្ងៃរះកំពស់ចុងឬស្សីទៅហើយ នារីសម្លឹងទៅអាហារដែលគិលានុបដ្ឋានបានយកមកឲ្យ។ ជាងមួយខែ ញ៉ាំអាហារនៅពេទ្យ​ ម្ហូបដដែលៗ រសជាតិដដែលៗ ធ្វើឲ្យនាងធមនឹងវា សូម្បីធមក្លិនក៏ឆ្អែតដែរ។ នាងតូចនួងសម្លឹងមើលទៅសារ៉ូមដែលនៅសល់មិនច្រើនប៉ុន្មាន នាងរង់ចាំរហូតទាល់តែវាជិតអស់ ហើយក៏ដកម្ជុលចេញពីដៃនាងតែម្តង។ ឈាមហូរចេញពីស្នាមម្ជុលនោះតិចៗ នាងតូចក៏យកសំឡីមកជូតចេញខ្លួនឯង ហើយយកបង់និងសំឡីបិតពីលើ។ នាងតូចនួងងើបដើរខ្លួនឯង ហើយឆែករកមើលសម្លៀកបំពាក់ដែលនាងពាក់កាលពីនាងត្រូវរបួសនោះ។ «បើតាមខ្ញុំចាំ ដូចជាមានលុយខ្លះដែរក្នុងហោប៉ៅអាវរបស់ខ្ញុំ...» នួងឧទានម្នាក់ឯងខណៈពេលកំពុងឆែកមើលក្នុងហោប៉ៅ។ នាងលូកចុះលូកឡើងស្ទើរគ្រប់ហោប៉ៅ នៅទីបំផុតក៏រកបានប្រហែល​ មួយម៉ឺនរៀល។ «ប៉ុណ្ណឹងក៏បានដែរ! បានគុយទាវមួយចានដែរតើ!» នាងតូចសប្បាយចិត្ត គ្រាន់តែគិតថាខ្លួនបានញ៉ាំគុយទាវមួយចានក៏ល្អ។ នាងតូចខានបានចេញទៅខាងក្រៅយូរហើយ ពេលនេះជាឱកាសរបស់នាងហើយ។ នួងដើរចេញមកខាងក្រៅ តែមុននឹងនាងចេញ​ «527» លេខបន្ទប់របស់នាងសម្រាកព្យាបាល នាងតូចទន្ទេញជាប់មាត់កុំឲ្យភ្លេច។ ពេលទៅដល់ខាងក្រោមទើបនាងដឹងថា មន្ទីរពេទ្យនេះធំប៉ុណ្ណា។ «វ៉ូវ ពិតជាថ្លៃណាស់ហើយមើលទៅ!» អ្វីដែលចូលមកក្នុងខួរក្បាលនាងដំបូងគេ គឺថ្លៃព្យាបាលនៅទីនេះ។ នាងតូចដើរមើលចុះមើលឡើងទាំងចិត្តស្ញើចសរសើរនឹងទីតាំងស្កឹមស្កៃ ជាមួយនឹងការរៀបចំដ៏ស្រស់ស្អាត។ ទម្រាំចេញមកដល់ខាងក្រៅ មិនដឹងថានាង«វ៉ូវៗ»ប៉ុន្មានដងនោះទេ។

នួងដើរចូលហាងគុយទាវមួយហើយហៅគុយទាវមួយចានមកហូប។ ខណៈពេលដែលកំពុងស្រូបក្លិនឆ្ងុយបំរុងនឹងដាក់ចូលមាត់ ស្រាប់តែឮសម្លេងមនុស្សហៅនាងពីក្រោយខ្នង «នែ នាងតូច»។ នួងដែលរៀងនឹងដាក់អាហារចូលមាត់ទៅហើយក៏បង្អង់បន្តិចរង់ចាំស្តាប់បន្ត តែមាននរណាហៅទៀតនាងក៏ប្រុងនឹងញ៉ាំម្តងទៀត ស្រាប់តែឮសម្លេងដដែលហៅមកនាង​ «នួង!»។ ពេលដែលមិនបានញ៉ាំដូចប្រាថ្នាបែបនេះ​ធ្វើឲ្យនាងតូចម៉ួម៉ៅចិត្តក៏បែរទៅរកម្ចាស់សម្លេងនោះទាំងមុខឡើងក្រម៉ូវ។ «ពូជាអ្នកណាគេ? ហើយហេតុអីបានស្គាល់ឈ្មោះខ្ញុំ?» នួងសួរទៅបុរសដែលកំពុងឈរនៅពីមុខនាង។ ពិតមែនហើយ នោះគឺ ពិសិដ្ឋ លោកប្រុសធំផ្ទះសែម សុគន្ធ តែនួងបែរជាចាំគេមិនបាន បើទោះបីជាគេសង្ហារយ៉ាងណាក៏ដោយ មែនទេ? តែទោះជាយ៉ាងណា ពិសិដ្ឋ គេមិនចាស់ណាស់ណានោះទេ គេទើបតែអាយុ26ឆ្នាំប៉ុណ្ណោះ តែដោយសារតែនួងក្មេងពេក ទើបទម្លាប់មាត់ហៅគេ​«ពូ»គ្រប់គ្នាបែបនេះ លើកលែងតែពិសាលមួយ។

បុរសដើរចូលទៅអង្គុយនៅកៅអីក្បែរនោះ ហើយបង្វែរមកទល់និងកៅអីរបស់នួរ ហើយសួរទៅនាង៖ " ហេតុអីបានជានាងចុះមកខាងក្រោម?" ក្នុងសម្លៀកបំពាក់ការិយាល័យអាវធំរបស់គេ ចូលមកហាងគុយទាវតាមចិញ្ចើមថ្នល់បែបនេះ​ មើលទៅដូចជាឆ្គងមិនសមទំនងសោះ។ តើមានមនុស្សអ្នកមានស៊ីវីល័យឯណាមកញ៉ាំអាហារតាមចិញ្ចើមថ្នល់បែបនេះ? ទោះបីយ៉ាងណា នាងតូចម្នាក់នេះមិនខ្វល់នោះទេ ថាគេជានរណា អ្វីដែលសំខាន់ក្នុងពេលនេះ គឺគេឃ្លាន៖ " ហេតុអីក៏ខ្ញុំមិនអាចចុះមកខាងក្រោម?"។ ឮបែបនោះពិសិដ្ឋ ប្រែទឹកមុខដូចជា what? ប៉ុន្តែគេមិនអាចនិយាយបាន ព្រោះដឹងនិស្ស័យក្មេងស្រីម្នាក់នេះ ថាដែកថែបម៉ាកVក៏រឹងមិនដល់នាងដែរ។ ពិសិដ្ឋ៖ " នេះនាងដើរលេងរហេតរហូតតាមតែចិត្តបែបនេះមែនទេ? មិនខ្លាចអ្នកដទៃគេបារម្ភទេ?"។ នួងតបទៅទាំងម៉ួម៉ៅ ព្រោះក្រពះកំពុងតែកូរខ្លាំង៖ " ហើយពូដឹងមកពីណាថាមានអ្នកបារម្ភពីខ្ញុំ? ខ្ញុំមិនដែលមានអ្នកណាផង! គ្មានឪពុកម្តាយ គ្មានសាច់ញាតិ គ្មានបងប្អូន គ្មានមិត្តភក្តិ។ តើខ្ញុំទៅណាមិនទៅណាមានអ្នកណាមកខ្វល់?!" និយាយដោយមិនទាក់សោះ! មិនសូម្បីតែគិតថាគេកំពុងតែនិយាយជាមួយនរណា ព្រោះនៅក្នុងចិត្តនាងគិតថា នាងពិតជាគ្មាននរណាម្នាក់ក្នុងជីវិតនោះទេ។ កើតមកត្រូវគេបោះបង់ចោល អ្វីគ្រប់យ៉ាង សូម្បីតែអ្នកដែលចិញ្ចឹមនាងមកតាំងពីតូចក៏ដាច់ចិត្តបោះបង់នាងចោលដែរ តើនៅមានអ្វីសេសសល់ទៀត? ពិសិដ្ឋ សម្លឹងមើលទៅនួងទាំងចងចិញ្ចើម ទោមនស្សនិងពាក្យសម្តីរបស់នាង តែយ៉ាងណា គេក៏សួរបន្ត៖ " ចុះមូលហេតុអ្វីបានជានាងចុះមកក្រោម?"។ នួងសម្លឹងទៅបុរស ហើយដកដង្ហើមធំ រួចទើបឆ្លើយតបវិញ៖ " ម្ហូបដដែលៗ ខ្ញុំចង់ញ៉ាំរបស់ផ្សេង! នៅខាងលើ ញ៉ាំមិនចូលទេ។"។ បុរសឱនខ្លួនមកមុខ ហើយក៏សួរបញ្ជាក់៖ " អញ្ចឹងនាងចុះមកគឺគ្រាន់តែចង់ញ៉ាំអាហារថ្មីៗទេមែនទេ?"។ នួងងក់ក្បាលហើយឆ្លើយទាំងរាបសារ «ចាស»។ លោកប្រុសធំ សែម ពិសិដ្ឋ មិនបង្អង់យូរក៏ចាប់ដៃនួងងើបឡើងដើរទៅខាងក្រៅ។ នាងតូចនួងឯនេះមិនដឹងសាច់ការក៏ស្រែកសួរ " នែ៎ ពូនាំខ្ញុំទៅណា?"។ ចំណែកឯពិសិដ្ឋគេមិនចង់និយាយច្រើនឥតបានការជាមួយក្មេងនេះទេ ក៏ឆ្លើយវិញទាំងកំបុត " ទៅញ៉ាំអី" រួចក៏បើកទ្វារឡានរុញនាងចូលទៅខាងក្នុងឲ្យអង្គុយនៅកៅអីខាងមុខក្បែរគេ។ បេះដូងនាងតូចលោតដុកដាក់ ក្បាលបែកញើសសស្រាក់ នាងមិនដឹងថាពេលនេះនាងកំពុងប្រឈមមុខនិងអ្វីទៀតហើយទេ ម្តេចក៏បុរសម្នាក់នេះរុញគេចូលទៅក្នុងឡានអញ្ចឹង? ឬក៏គេចង់ចាប់ជម្រិតនាង? ប៉ុន្តែនាងគ្មានអ្វីឲ្យគេចាប់ជម្រិតនោះទេ។ នាងតូចនួងក៏ស្រែកទៅកាន់បុរស ៖ " ខ្ញុំមិនដែលស្គាល់ពូទេ! ខ្ញុំមិនទៅជាមួយពូទេ!"។ បុរសដៃម្ខាងកាន់ដំបូលឡាន ម្ខាងកាន់កៅអីដែលនាងកំពុងអង្គុយ សម្លឹងមើលមកនាងក្នុងកែវភ្នែកមុតថ្លា ៖ " នាងចាំខ្ញុំមិនបានទេ? ខ្ញុំគឺជាបងប្រុសរបស់ ដាលីស ក្មេងស្រីដែលនាងចាប់ជម្រិតនោះអី!"។ ពេលឮបែបនេះ នួងក៏នឹកឃើញភ្លាម វាគឺជារឿងដែលនាងចង់បំភ្លេចចោល តែបែរជាគេចមិនផុតទៅវិញ។ ពេលនេះបងប្រុសរបស់ក្មេងស្រីនោះមកជួបគេ រករឿងគេទៀតហើយ។ តើគួរធ្វើយ៉ាងណាទៅ? ប៉ុន្តែយ៉ាងណា ក្នុងចិត្តមួយនាងគិតថា អ្វីគ្រប់យ៉ាងជាកំហុសរបស់នាងពិតមែន ហើយប្រសិនបើគេចង់ឲ្យនាងសងវិញ តាមក្តីយុត្តិធម៌ នាងក៏ប្រកែកមិនបានដូចគ្នា។ បុរសសង្ហារសម្តីអាក្រក់មិនចេះរ៉ូមែនទិក ពិសិដ្ឋ ដាក់ខ្សែក្រវ៉ាត់ឲ្យនារី ហើយក៏ឡើងឡានចេញទៅ។ ឯនាងតូចនួង ក៏លែងប្រកែកនិងគេទៀត។

នួង៖ " ខ្ញុំពុលឡាន"

ពិសិដ្ឋ សម្លឹងទៅនាង៖ " ថង់នៅក្រោយកៅអី!"

នួងបែរទៅពិសិដ្ឋកែវនេត្រាទាំងទ្វេរសម្លឹងចំគ្នា រង្វង់មុខដ៏ស្រស់ស្អាត ស្បែកដ៏ម៉ដ្ឋរលោង និងបបូរមាត់ដ៏ស៊ីជម្ពូរមានពន្លឺរបស់បុរស មើលឃើញហើយធ្វើឲ្យនាងតូចអៀនជាខ្លាំង ព្រោះគេមិនដែលជួបមនុស្សប្រុសណាស្អាតយ៉ាងនេះទេ ស្បែករបស់គេស្អាតជាងមនុស្សស្រីដែលខំលាបម្សៅឡេរាល់ថ្ងៃទៅទៀត។ ចំណែកឯបបូរមាត់របស់គេ ផ្គុំគ្នាយ៉ាងល្អឥតខ្ចោះ សូម្បីតែកូនក្មេងដូចជានាងក៏ពិបាកនិងបែរចេញធ្វើមិនឃើញដែរ គេពិបាកទប់អារម្មណ៍និងឲ្យញាប់ញ័រពេលនៅក្បែរសភាវៈដ៏ស្រស់ស្អាតបែបនេះណាស់។ មុខរបស់នាងតូចប្រែជាក្រហមនៅថ្ពាល់ទាំងសងខាងដោយមិនដឹងខ្លួន ហើយដង្ហើមរបស់នាងវិញព្យាយាមដកឲ្យដល់គ្នាដែរ ប៉ុន្តែនៅតែមិនអាចធ្វើខ្លួនធម្មតាបានខណៈដែលបេះដូងកំពុងតែលោតញ៉ាប់ទៅៗ។ មិនថាយ៉ាងនោះក្តី សមីខ្លួន ពិសិដ្ឋ បែរជាមិនចាប់អារម្មណ៍អ្វីបន្តិច គេក៏មិនដែលគិតថាខ្លួនរបស់គេស្អាតសង្ហាររហូតដល់ធ្វើឲ្យមនុស្សស្រីណាម្នាក់អៀននិយាយមិនចេញដែរ។ បុរសក៏បែរមុខចេញ ហើយជាន់ហ្គែរទៅមុខ។ ​​​​រថយន្តក៏បរទៅដល់ភោជនីយដ្ឋានមួយដែលមានការតុបតែងយ៉ាងស្រស់ស្អាតរបៀបស្តង់ដារ មានទាំងធម្មជាតិចម្រុះដុះលម្អតាមផ្លូវចូលរហូតដល់មាត់ទ្វារ និងមានអ្នកបម្រើចាំបើកទ្វារទទួលស្វាគមន៍ចេញចូល។ អ្នកទាំងពីរចូលទៅខាងក្នុង តែនួងវិញភ្នែករេរទៅគ្រប់ទីកន្លែង សម្លឹងមើលអ្វីដែលថ្មីៗសម្រាប់នាងដែលជាក្មេងកំព្រាក្រីក្រមិនដែលស្គាល់ហាងទំនើបឬភោជនីយដ្ឋានឆ្ងាញ់ៗណាមួយឡើង ត្រឹមមួយឆ្នាំអ្នកគ្រូលោកគ្រូនាំដើរលេងម្តងនោះ នាងអរស្ទើរហោះទៅហើយ។ ពិសិដ្ឋ បានប្រាប់ទៅអ្នកទទួលភ្ញៀវហើយសុំកក់កន្លែងអង្គុយស៊េរីលើមួយសម្រាប់មនុស្សពីរនាក់។ នៅពេលដែលអ្នកបម្រើយកមីនុយមកដល់ នួងដែលមិនដែលបានញ៉ាំអីឆ្ងាញ់ៗអស់ពេលជាយូរមកហើយ ក៏ហៅយកៗតាមតែចិត្តចង់ព្រោះអាងថា ពិសិដ្ឋ ជាអ្នកប៉ាវ ហើយវាជាឱកាសទីមួយសម្រាប់នាងផងដែលអាចញ៉ាំអ្វីដែលនាងចង់ញ៉ាំបាន។ ក្រោយពីម្ហូបអាហារបានយកមកដល់ជិតម្ភៃមុខហើយ នារីសប្បាយចិត្តជាខ្លាំង ព្រោះពេលនេះបានញ៉ាំសុទ្ធតែអាហារថ្លៃៗឆ្ងាញ់ៗ។ ចំណែកឯពិសិដ្ឋវិញ ឱបដៃអង្គុយមើលនាងតូចពូកែញ៉ាំម្នាក់នេះ។ " ញ៉ាំឲ្យស្រួលបួល គ្មាននរណាមកដណ្តើមនាងទេ!" ពិសិដ្ឋនិយាយ។ នាងតូចនួងលូកអានេះផង លូកអានោះផង ដាក់ញ៉ាត់ពេញៗម៉ាត់ដូចជាឆ្ងាញ់សម្បើមណាស់។ រហូតដល់ពេលនាងញ៉ាំលែងចូល បុរសក៏និយាយបញ្ចើច៖ " ញ៉ាំឲ្យអស់ណា៎ ម្ហូបនៅសល់ច្រើនណាស់! ហើយសុទ្ធតែថ្លៃៗទាំងអស់"។ នាងតូចបែរមុខសម្លឹងបុរសម៉ក់ៗ ដូចជីងចក់សម្លឹងតុកកែ គួរឲ្យអាណិតមែន ព្រោះខ្លួនចង់ញ៉ាំឲ្យអស់ដែរ តែក្រពះទទួលលែងបាន។ នាងក៏នឹកឃើញវិធីមួយ។ នួង ហៅអ្នកបម្រើមក ហើយខ្សឹបប្រាប់។ ពិសិដ្ឋឃើញបែបនោះក៏ឆ្ងល់ដូចគ្នា ស្រាប់តែមួយត្របក់ក្រោយមក អ្នកបម្រើក៏យកថង់និងប្រអប់ជាច្រើនមក ខ្ចប់ម្ហូបអាហារទាំងនោះ។ នួងសម្លឹងទៅបុរសហើយញញឹមសប្បាយចិត្ត៖ " ខ្ញុំនឹងញ៉ាំឲ្យអស់ កុំបារម្ភអីពូ! ហិហិហិ"។ លោកប្រុសធំពិសិដ្ឋ តាំងពីដើមមកមិនដែលខ្ចប់អាហារសល់ទៅផ្ទះនោះទេ ជាពិសេសភោជនីយដ្ឋានល្បីៗដែលមានភ្ញៀវអង្គុយជុំវិញច្រើនបែបនេះ ការធ្វើបែបនេះដូចជាទះកំផ្លៀងគេមួយដៃកណ្តាលមុខអញ្ចឹង។ នរៈជ្រោកមុខបែរចេញ។ តែនួងវិញសប្បាយចិត្តជាខ្លាំងពេលបានអាហារឆ្ងាញ់ទៅញ៉ាំបន្តទៀត។

(តើអ្នកជម្ងឺខ្ញុំបាត់ទៅណា?)

នៅឯមន្ទីរពេទ្យឯណេះវិញ លោកគ្រូពេទ្យជេកសិនវេជ្ជបណ្ឌិតប្រចាំកាយដែលតែងតែពិនិត្យអាការៈឲ្យនួងជាប្រចាំ ក្រោយពេលដែលរួចដៃពីការវះកាត់រួចក៏ឆ្លៀតមកមើលនួង។ តែនៅពេលដែលគេចូលមកដល់បែរជាគ្មាននរណានៅក្នុងបន្ទប់សោះ។ ជេកសិន ស្រែកហៅ «នួង» ហើយដើរទៅមើលតាមគន្លុកគន្លាតក្រែងលោនាងអផ្សុកពេកកើតចិត្តចង់លែងបិទពួនជាមួយលោក។ ព្រោះរាល់ដងគឺបែបនេះ នាងតែងតែពញ្ញាក់លេងជាមួយជេកសិន នៅពេលដែលគេមកលាងរបួសឲ្យនាង។ មានគ្រូពេទ្យទំនេរជាច្រើន តែគេដែលជាវេជ្ជបណ្ឌិតបែរជាមកធ្វើការនេះដោយខ្លួនឯងទៅវិញ។ ក្មេងស្រីម្នាក់នេះត្រូវបានយកចិត្តទុកដាក់ជាងគេ តែគេតែងដោះសារថាមកពីគ្រូពេទ្យដទៃរវល់ពេក ឬអ្នកជម្ងឺច្រើនពេក ឬមកពីគេទំនេរពេក។ តែពេលនេះក្មេងស្រីតូចរបស់គេ មិននៅនឹងបន្ទប់ ទោះរកយ៉ាងណាក៏រកមិនឃើញ ធ្វើឲ្យបុរសបារម្ភជាខ្លាំង ហើយក៏បានឲ្យគេជួយរកមើលថែមទៀតនៅក្នុងមន្ទីរពេទ្យ។​

(ជណ្តើរយន្ត)

នួងនិងពិសិដ្ឋមកដល់មន្ទីរពេទ្យល្មម។ នារីយួរថង់អាហារជាច្រើនដោយខ្លួនឯង ដោយមិនគិតថាស្មាខាងឆ្វេងរបស់នាងមានរបួសឡើយ។ ចំណែកឯពិសិដ្ឋក៏មិនបានចាប់ភ្លឹកពីរឿងនេះដូចគ្នា។ នាងតូចតម្រង់ទៅកាន់ជណ្តើរជើង ដោយសារនាងមិនចេះជិះជណ្តើរយន្តទេ មិនដឹងថាគេធ្វើយ៉ាងម៉េចឡើយ។​ លោកប្រុសធំក៏ចាប់ទាញក៏អាវនួងមកវិញ៖ " ទៅណា?"។ បុរសដឹកដៃនួងចូលជណ្តើរយន្ត។ នួង៖ " ស្អីគេនេះ? ពូនាំក្នុងចូលក្នុងប្រអប់ហ្នឹងធ្វើអី?"។ ពិសិដ្ឋ៖ " នេះគេហៅជណ្តើរយន្ត យើងជិះវាឡើងទៅលើលឿនជាងដើរតាមជណ្តើរជើង"។ នួងធ្វើភ្នែកឡេងឡង់ អើតមើលទៅដៃបុរសចុចប៊ូតុងណាខ្លះ។ នាងតូចចង់ចេះចង់ដឹងច្រើន ហើយក៏មិនពិបាកបង្រៀនដែរ។

នួង៖" ពូ! គេចុចអាហ្នឹងធ្វើអី?"

ពិសិដ្ឋ៖ " ចុចឡើងតាមជាន់"

នួង៖ " ហើយចុះអារូបសញ្ញាព្រួញនោះ?"

ពិសិដ្ឋ៖ " គឺដើម្បីបិទបើក"

ពេលដែលជណ្តើរយន្តទៅដល់ជាន់ទី៣ ក៏បើកទ្វារព្រោះមានអ្នកបានចុច។ នួងឃើញជណ្តើរយន្តបើកទ្វារនាងក៏ប្រុងដើរចេញតែត្រូវបុរសចាប់ទាញចូលមកវិញ៖ " នៅមិនទាន់ដល់ទេ!"។ ទ្វារក៏បិទវិញ។ នារីឆ្ងល់ក៏សួរបន្ត៖

នួង៖ " ហេតុអីនៅសុខៗវាបើកទ្វារអញ្ចឹង?"

ពិសិដ្ឋ៖ " ពេលមនុស្សចុចគឺអញ្ចឹងហើយ!"

នួង៖ " តែអម្បាញ់មិញអត់មានមនុស្សចុចផងហ្នឹង?!"

ពិសិដ្ឋដកដង្ហើមធំ ហត់នឹងឆ្លើយនឹងសំណួរដ៏ច្រើនសន្ធឹកសន្ធាប់មិនចេះចប់មិនចេះហើយដូចជានាង។ បុរសក៏ដាច់ចិត្តនិយាយពាក្យប៉ុន្មានម៉ាត់... " ខ្ញុំមិនហត់នឹងធ្វើការ មិនហត់នឹងបើកឡាននោះទេ" ពិសិដ្ឋបែរទៅនួង " តែខ្ញុំហត់នឹងឆ្លើយសំនួរនាង"។ នួងពេបម៉ាត់បំប៉ោងមាត់សម្លក់ទៅបុរស ហើយឆ្លើយរអ៊ូម្នាក់ឯង៖ " គ្រាន់តែសួរសោះខុសដែរ!"។ នាងតូចឈប់សួរ ហើយឈរស្ងៀមម្នាក់ឯងវិញ។ មើលទៅមិនដូចនាងសោះ ក្មេងស្រីដែលពូកែឆ្ងល់ច្រើន មកសុភាពរាបសារបែបនេះ។ ឈរបានបន្តិច នួងក៏ចាប់ផ្តើមធេងធោងក្នុងខ្លួន មិនដឹងជាហេតុអី។ នារីរកកន្លែងទប់ខ្លួន ហើយក៏ទៅទ្រោបលើបុរស។ ពិសិដ្ឋ ចាប់នាងជាប់៖ " នាងកើតអីនឹង?"។ នួង ព្យាយាមងើបខ្លួនឈរវិញ ទាំងស្រដី៖ " មិនអីទេ! គ្រាន់តែរាងធេងធោងបន្តិច"។ ផ្ទុយទៅវិញបុរសបែរជាមិនជឿ ហើយនិយាយញ៉ោះទៅនាង៖ " មិនមែនទេ? ចង់ឱបខ្ញុំទេដឹង?"។ នួងគ្រវាសដៃបុរសចេញពីនាង ហើយតោងបន្កាន់ដៃជណ្តើរយន្តជំនួសវិញ។ នាងតូចកាន់តែវិលមុខទៅៗ តែក៏មិនត្រូវការជំនួយពីមនុស្សអត់បេះដូង គ្មានថ្លើម គ្មានប្រម៉ាត់ដូចបុរសម្នាក់នេះដែរ មនុស្សស្អី លង់នឹងខ្លួនឯង! នារីក៏បន្តទ្រាំម្នាក់ឯងទៀត។ រហូតដល់ពេលជណ្តើរយន្តឡើងដល់ជាន់ដែលនាងត្រូវទៅហើយ ទើបនាងប្រញាប់ដើរចេញទៅខាងក្រៅ ទាំងទប់ខ្លួនមិននឹងផង។ រូបភាពដែលនាងមើលឃើញកាន់តែស្រពិលឡើង នារីព្យាយាមដើរទៅមុខ ស្វែងរកបន្ទប់របស់នាង តែកម្លាំងរបស់នាងរត់ចេញពីខ្លួនអស់ហើយ ទើបធ្វើឲ្យនាងទន់ជង្គង់ដួល។ ជាសំណាងល្អ ពិសិដ្ឋបានរត់មកទប់នាងទាន់៖ " នួង! នួង!"។ ដូចកាលពីលើកមុន អ្នកដែលនាងឃើញចុងក្រោយគេមុនពេលដែលនាងបាត់បង់ស្មារតីតែងតែជាគេ។

(ប៉ាចិញ្ចឹម)

នារីសន្លប់បាត់បង់ស្មារតី។ ម្ហូបអាហារធ្លាក់រប៉ាយពេញឥដ្ឋ តែពេលនេះមាននរណាទៅខ្វល់ពីរឿងញ៉ាំទៀតនោះ? ពិសិដ្ឋលើកបីនួង ហើយប្រញាប់ហៅជំនួយពីគ្រូពេទ្យ។ នរៈយកនាងមកក្នុងបន្ទប់សម្រាកព្យាបាលរបស់នាងវិញ ដែលមានវេជ្ជបណ្ឌិតជេកសិនកំពុងចាំនៅទីនោះ។ ពេលដែលបានឃើញនួងក្នុងសភាពបែបនោះ គេភ្ញាក់ផ្អើលជាខ្លាំង។ " មានរឿងអី?" ជេកសិន សួរនាំទាំងខឹងសម្បារទៅពិសិដ្ឋ។ " គឺនាងសន្លប់" ពិសិដ្ឋនិយាយ។ គេដាក់នាងសម្រាកនៅលើគ្រែ ហើយវេជ្ជបណ្ឌិតក៏ពិនិត្យអាការៈឲ្យនាង។

ជេកសិន៖ " លោកឃើញនាងនៅឯណា?"

ពិសិដ្ឋ៖ " គឺ នាងចេញទៅក្រៅរកអីញ៉ាំ ខ្ញុំក៏នាំនាងទៅញ៉ាំអីនៅភោជនីយដ្ឋានមួយ"

ជេកសិន៖ " ភោជនីយដ្ឋាន?! លោកបានឲ្យនាងញ៉ាំអីខ្លះ?"

ពិសិដ្ឋ៖ " នាងញ៉ាំច្រើនណាស់ ម្ហូបជាងម្ភៃមុខ ខ្ញុំចាំមិនអស់ទេ!"

ជេកសិន ដកដង្ហើមធំសម្លឹងទៅនួង៖ " ម្ហូបនៅមន្ទីរពេទ្យពិបាកញ៉ាំពេកអ្ហេស៎ បានជានាងតូចនេះទៅលួចញ៉ាំនៅខាងក្រៅបែបនេះ?"

ពិសិដ្ឋ៖ " សម្រេចថានាងកើតអី គ្រូពេទ្យ?"

ជេកសិនសម្លឹងទៅពិសិដ្ឋទាំងទោមនស្សចិត្ត៖ " លោកដែរឃើញអ្នកជម្ងឺទើបតែវះកាត់ហើយ ញ៉ាំអាហារបានគ្រប់ប្រភេទដែរទេ?"

(កូនចិញ្ចឹម)

ក្រោយពេលបានដឹងអាការៈនាងហើយ វាក៏ជាតួនាទីធ្លាក់មកក្នុងដៃគ្រូពេទ្យម្តងទៀត។ ប៉ុន្មានម៉ោងក្រោយមក នួងក៏នៅមិនទាន់ដឹងខ្លួន។ វេជ្ជបណ្ឌិតជេកសិន អង្គុយក្បែរគ្រែរបស់នួង។ បុរសយកដៃអង្អែលសក់ខ្មៅរលើបរបស់នួង ហើយនិយាយលួងនាងតិចៗ​ «កុំកើតអីណា៎! ចង់ញ៉ាំអីអាចប្រាប់ខ្ញុំបាន មិនបាច់លួចទៅញ៉ាំខាងក្រៅទៀតទេ ក្មេងតូច!»។ ទ្វារបន្ទប់ក៏បើកឡើង នាំទាំងលោកគ្រូពេទ្យកម្លោះរូបសង្ហារម្នាក់ចូលមកផង។

ជេកសិន៖ " អូ! មកដល់ហើយ ពិសាល! យ៉ាងម៉េចហើយរឿងដែលលោកគ្រូពឹងនោះ?"

ពិសាល៖ " លោកគ្រូ! តើលោកគ្រូពិតជាចង់ទទួលនាងយកទៅចិញ្ចឹមមែនអ្ហេស៎?"

ជេកសិន៖ " ចុះឯងគិតថាលោកគ្រូចិញ្ចឹមនាងមិនរស់មែនទេ?"

ពិសាល៖ " ខ្ញុំមិនមែនមានន័យអញ្ចឹងទេ លោកគ្រូ! គ្រាន់តែថា..."

ជេកសិន៖ " គ្រាន់តែថាយ៉ាងម៉េច?"

ពិសាល៖ " លោកគ្រូ! តើហេតុអីបានជាលោកគ្រូសម្រេចចិត្តបែបនេះ?"

វេជ្ជបណ្ឌិតជេកសិន សម្លឹងទៅក្មេងស្រីអាយុ១៥ឆ្នាំដែលកំពុងគេងលក់នៅលើគ្រែនេះ។ បុរសយកដៃអង្អែសសក់របស់នាង ហើយនិយាយទៅកាន់ពិសាល៖« នាងគួរឲ្យអាណិតណាស់! ឯងគិតថា ក្រោយពីត្រូវដេញចេញពីមណ្ឌលហើយជីវិតរបស់នាងនឹងទៅជាយ៉ាងណា?»។ និយាយដល់ឃ្លានេះ គេក៏នឹកទៅដល់សម្តីរបស់នាងតូច នៅពេលដែលគេបានសួរសំណួរបែបនេះទៅនាង ហើយចម្លើយរបស់នាងនោះគឺ «...ដើរសុំទានទេដឹង! ហិហិ...»។ នរៈញញឹម ហើយស្រដីបន្ត៖​ «ឯងដាច់ចិត្តឃើញក្មេងស្រីគួរឲ្យស្រលាញ់បែបនេះដើរសុំទានដែរអ្ហេស៎?»។ វេជ្ជបណ្ឌិតរូបសង្ហារបែរទៅកាន់គ្រូពេទ្យកម្លោះវ័យក្មេងវិញ៖ " បើគ្មាននរណាត្រូវការនាង ខ្ញុំត្រូវការនាង។ គ្មាននរណាទទួលនាងយកទៅចិញ្ចឹម ទុកឲ្យខ្ញុំទទួលនាង"។ ជាការពិត ពិសាលបានស្វែងរក និងសួរនាំដូចគ្នាប្រសិនបើមាននរណាទទួលក្មេងស្រីកំព្រាម្នាក់នេះទៅចិញ្ចឹម ព្រោះគេដឹងថា បើផុតពីនាងព្យាបាលរបួសនេះជាហើយ នាងនឹងក្លាយជាមនុស្សតែលតោល ព្រោះខាងមណ្ឌលក៏បានលុបឈ្មោះនាងចោលដូចគ្នា។ ចំណែកឯសប្បុរសជនដែលចង់ទទួលក្មេងទៅចិញ្ចឹមវិញ ក្រោយពីបានដឹងប្រវត្តិនាងធ្លាប់ចូលដៃជាមួយឧក្រិដ្ឋជន ប្រព្រឹត្តអំពើខុសច្បាប់ក៏គ្មាននរណាហ៊ានយកនាងទៅចិញ្ចឹមដូចគ្នា។ ពេលនេះ គឺមានតែវេជ្ជបណ្ឌិត ជេកសិន​ វ័ង​ ម្នាក់គត់ដែលទទួលយកនាង។

(នាងនឹងមានម្ហូបឆ្ងាញ់ៗ)

ពេលដែលនួងភ្ញាក់ឡើង មេឃងងឹតទៅហើយ។ នារីយកដៃច្រត់ក្បាល ហើយរអ៊ូ «ដូចជារាងឈឺក្បាល»។ នាងសម្លឹងមើលទៅបង្អួច ឃើញថា មេឃងងឹតបាត់ទៅហើយ មិនដឹងម៉ោងប៉ុន្មានឡើយ ទើបនាងទាញនាឡិកានៅលើតុក្បែរនាងយកមកមើល។ ម៉ោង៩យប់ទៅហើយ តើនាងបានគេងលក់ប៉ុន្មានម៉ោងទៅហើយ?​ នារីយកដៃតប់ក្បាលខ្លួនឯងតិចៗ ប៉ុន្តែក៏រំញោចដល់របួស ធ្វើឲ្យនាងលាន់ម៉ាត់ស្រែក «អូយ!»។ នារីក្រឡេកភ្នែកឃើញថាសដាក់ម្ហូបអាហារសម្រាប់នាង​ មិនបង្អង់យូរ នាងក៏រូតរះបើកគម្របមើល។ លើកនេះ មុខម្ហូបមិនដូចរាល់ដងនោះទេ គ្រប់មុខសុទ្ធតែគួរឲ្យចង់ញ៉ាំទាំងអស់។ នួងគិតក្នុងចិត្ត៖«ពិតជាចម្លែកមែន! ខាងមន្ទីរពេទ្យដូរមុខម្ហូបហើយមែនទេ?»។ ដោយសារតែពេលល្ងាចឃា្លនផង នារីមិនគិតច្រើនក៏ចាប់ផ្តើមញ៉ាំយកតែម្តង។ ពេលដែលនាងញ៉ាំ ស្រាប់តែមានមនុស្សដើរចូលមក មិនមែននរណាផ្សេងទេ គឺវេជ្ជបណ្ឌិតជេកសិននោះហើយ។ បុរសដើរមកអង្គុយនៅលើគ្រែជាមួយនួង ហើយនិយាយ៖ " មិនដឹងជានរណាទេ លួចទៅញ៉ាំអីនៅខាងក្រៅមិនចេះគិត ហើយមកវិញសន្លប់តាមផ្លូវទៀត!"។ នួងដាក់ស្លាបព្រាចុះ ហើយនិយាយតបទៅគ្រូពេទ្យ៖ " លោកគ្រូពេទ្យ! មកពីម្ហូបនៅទីនេះមិនសូវឆ្ងាញ់ តើឲ្យខ្ញុំធ្វើយ៉ាងណាទៅ?"។

ជេកសិន៖ " បើមិនឆ្ងាញ់ ចាំខ្ញុំឲ្យគេធ្វើម្ហូបឲ្យ!"

នួងឮបែបនោះ ភ្ញាក់ផ្អើល គេមិនដែលដឹងថាគ្រូពេទ្យម្នាក់នេះចិត្តល្អបែបនេះសោះ តើគាត់ចេះធ្វើម្ហូបដែរទេ? នួងមិនយល់ពីសម្តីរបស់វេជ្ជបណ្ឌិតរូបនេះឡើយ ឬមួយប្រហែលនាងស្តាប់ច្រឡំ ឬក៏គេគ្រាន់តែនិយាយលេង។ ជេកសិន កាលបានឃើញទឹកមុខនួងបែបនេះ ក៏ដល់ពេលគេនិយាយបន្តទៀត។ បុរសសម្លឹងទៅនាងដោយទឹកមុខប្រាកដប្រជា៖

ជេកសិន៖ " ចាប់ពីពេលនេះទៅ អាចញ៉ាំម្ហូបឆ្ងាញ់ៗបានហើយ! នាងនឹងមានផ្ទះដូចជាក្មេងដទៃ! នឹងមានមិត្តភក្តិ ... នឹង មានលោកប៉ាដូចជាក្មេងផ្សេងទៀតដែរ"

នារីតូចសម្លឹងទៅគ្រូពេទ្យវ័យច្រើនតែរូបសង្ហារមិនដាក់ភ្នែក ដោយភ្ញាក់ផ្អើល។ តើគាត់មានន័យថាយ៉ាងម៉េច? មានផ្ទះ? នាងមិនដែលមានផ្ទះទាល់តែសោះ។ មានមិត្តភក្តិ? ហឹស រឹតតែមិនអាចទៅរួច ព្រោះគ្មាននរណាចង់ធ្វើជាមិត្តរបស់នាងឡើយ។ មានប៉ា? នេះគឺជាសំណួរដ៏ធំ តើនរណានឹងធ្វើជាប៉ារបស់នាង បើនាងជាក្មេងកំព្រាបែបនេះ? នាងមិនដែលទាំងបានឃើញមុខឪពុកម្តាយបង្កើតរបស់នាងទាល់តែសោះ។ ដំណឹងល្អដែលនាងធ្លាប់ចង់បាន ប៉ុន្តែមិនហ៊ានប្រាថ្នា ព្រោះគិតថានាងមានម្តាយម្នាក់ដែលចិញ្ចឹមនាង និងស្រលាញ់នាងដូចជាកូនទៅហើយ។ តើត្រូវបានគេយកទៅចិញ្ចឹមធ្វើអ្វីទៀត? តែពេលនេះ ស្រាប់តែសុបិនដែលធ្លាប់បានបំភ្លេចចោលចូលមកលងបន្លាចក្នុងជីវិតនាងវិញ ប៉ុន្តែខុសពីអារម្មណ៍ខ្លាច បែរជាត្រេកអរនឹងរំភើបទៅវិញ។ វេជ្ជបណ្ឌិតជេកសិន បន្ត៖

ជេកសិន៖ " នួង! ធ្វើជាកូនស្រីចិញ្ចឹមរបស់ខ្ញុំទៅ!"

ពេលបានឮពាក្យនេះ ដង្ហើមរបស់នួងស្ទើរតែលែងដកទៅហើយ! គ្រូពេទ្យម្នាក់នេះមែនទេ ដែលនឹងក្លាយទៅជាប៉ាចិញ្ចឹមរបស់នាង? កូនស្រីចិញ្ចឹមរបស់វេជ្ជបណ្ឌិតដែលមានឈ្មោះល្បីបែបនេះមែនទេ? នាងយល់សប្តិទេដឹង? មានក្មេងកំព្រាប៉ុន្មាននាក់ដែលប្រាថ្នាចង់បានឪពុកម្តាយចិញ្ចឹមជាអ្នកមានឋានៈ មានកេរ្តិ៍ឈ្មោះបែបនេះ? មិនតែប៉ុណ្ណោះថែមទាំងជាគ្រូពេទ្យថែមទៀត! នាងតូចនួងស្ទើរតែមិនជឿត្រចៀករបស់គេឡើយ។

នួងឆ្លើយតបទាំងរដាក់រដុប៖ " លោក...គ្រូពេទ្យ... ទទួលខ្ញុំជាកូនចិញ្ចឹមមែនទេ?"

វេជ្ជបណ្ឌិតជេកសិនតប៖ " ពិតមែនហើយ! កូនស្រីរបស់ខ្ញុំបានស្លាប់ទៅជាងដប់ឆ្នាំទៅហើយ! បើនាងនៅរស់ពេលនេះ នាងក៏មានអាយុប្រហែលនឹងនាងតូចឯងដែរ។ បើមិន... បើមិនប្រកែកទេ នាងតូចធ្វើជាកូនស្រីរបស់ខ្ញុំបានទេ? ហ៊ឹស?"

នារីតូចរំភើបឡើងធ្លាក់ស្លាបព្រាពីដៃ។ អារម្មណ៍របស់នាងភ័ន្តភាំងគាំងរកនិយាយអ្វីមិនត្រូវនោះទេ! ក្នុងខួរក្បាលដែលធ្លាប់តែមានពាក្យរសាត់អណ្តែតជាច្រើន ពេលនេះបែរជាទទេរស្អាត គ្មានពាក្យណាមួយលេចចេញជារូបរាងឲ្យនាងនិយាយចេញបាននោះទេ។ លោកវេជ្ជបណ្ឌិតម្នាក់នេះកំពុងសុំនាងធ្វើជាកូន? កែវភ្នែកទាំងគូររបស់នារីតូច បែរសម្លឹងទៅបុរសមិនព្រិច នាងមិនចង់ជឿនូវអ្វីដែលនាងបានឃើញនោះទេ! «បើមិនឆ្លើយ អញ្ចឹងខ្ញុំចាត់ទុកថា យល់ព្រម ហើយណា៎» ជេកសិន និយាយទៅកាន់នួង ប៉ុន្តែគេក៏បានឃើញថា នៅចំពោះមុខគេដែលក្មេងស្រីដែលគ្មានប្រតិកម្មអីម្នាក់នេះ ការពិតនាងកំពុងតែរលីងរលោងទឹកភ្នែក ទោះបីជានាងមិននិយាយមិនស្តីចេញមកក្រៅក៏ដោយ ប៉ុន្តែក្នុងចិត្តរបស់នាងគឺរំភើបជាខ្លាំងតែបែរជាគ្មានប្រតិកម្មអ្វីចេញមកខាងក្រៅបន្តិចសោះ។ នៅក្នុងខ្លួនក្មេងស្រីអាយុ១៥ឆ្នាំម្នាក់នេះ អាចលាក់អារម្មណ៍និងប្រតិកម្មអារម្មណ៍របស់នាងពីមនុស្សផ្សេងបាន ពិតជាមនុស្សដែលពូកែលាក់អារម្មណ៍ខ្លាំងមែនទែន។ តែសំណាងល្អ ជេកសិន ជាមនុស្សក្រៅពីជាមនុស្សដែលពូកែវិភាគវែកញែកតាមហេតុផលហើយ គេក៏ជាមនុស្សដែលមានភាពវ័យឆ្លាតផ្នែកអារម្មណ៍ដូចគ្នា។ ពេលដែលបានជួបក្មេងស្រីម្នាក់នេះគេក៏អាចប្រាប់បានថា នាងជាក្មេងម្នាក់ដែលពិបាកស្វែងយល់ ព្រោះការលាក់ខ្លួននៅក្នុងសម្បកខ្លួនរបស់នាង គឺការលាក់អារម្មណ៍ លាក់ការគិតពិតប្រាកដរបស់នាងពីមនុស្សជុំវិញខ្លួន ហើយមិនអនុញ្ញាតឲ្យនរណាចូលមកក្នុងរង្វង់សុវត្ថិភាពរបស់នាងបានឡើយ។ ប្រហែលនាងធ្វើបែបនេះក្នុងបំណងមួយដើម្បីការពារខ្លួនរបស់នាងប៉ុណ្ណោះ ព្រោះនាងនឹងមិនឆាប់ជឿនរណាងាយៗ ហើយក៏នឹងមិនត្រូវនរណាម្នាក់បោកប្រាសនាង។ តែការប្រយ័ត្នខ្លាំងបែបនេះ ក៏អាចក្លាយជាចំណុចខ្សោយ។ បុរសញញឹម ហើយដោយមិនចាំយូរព្រោះគេដឹងថា បើរំពឹងការប្រតិកម្មអារម្មណ៍តបពីក្មេងស្រីម្នាក់នេះ គឺគ្មានថ្ងៃឡើយ ទោះបីជាពួកគេបានស្គាល់គ្នាជាងមួយខែហើយក៏ដោយ។ បុរសក៏ឈោងដៃទៅអង្អែលក្បាលរបស់នាង ហើយនិយាយ៖ " បើមិនចង់បង្ហាញក៏មិនអីដែរ ខ្ញុំមិនថាអីទេ! រឿងមួយចំនួនត្រូវការពេលវេលា"។ ចំណែកនាងតូច ទឹកភ្នែកក៏ស្រក់មកបន្តកាន់តែច្រើន តែនាងមិនដឹងមកពីហេតុអ្វីនោះទេ ដឹងត្រឹមតែវាហូរមកទៀតហើយ។

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏

More Chapters